សាហាវណាស់ អាងខ្លួនកូនស្នងការរងខេត្តព្រៃវែង ចាប់បង្ខាំងក្មេងស្រីមិនគ្រប់អាយុ ទុករំលោភរាប់ខែ

ព្រៃវែង ៖ មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ ដែលមានប្រពន្ធថែមទាំងមានកូន២នាក់ ទៅហើយបានរងបណ្តឹងចោទប្រកាន់ពីពលរដ្ធ១គ្រួសារ ពីបទគំរាមកំហែងបាញ់សម្លាប់មួយពូជ និងបានចាប់រំលោភសេពសន្ថវៈលើកូនរបស់គាត់ដែលមានអាយុទើប១៥ឆ្នាំ រហូតបានសម្រេច ហើយចុង បានយកកូនស្រីរបស់គាត់ទៅចាក់សោរបង្ខាំងទុកនៅក្នុងផ្ទះ ជួលក្នុងរាជធានីភ្នំពេញ បង្ខំឲ្យបម្រើសេវាផ្លូវភេទ ជាមួយភ្ញៀវផ្សេងៗ ដើម្បីយកលុយមកឲ្យខ្លួនគេទិញថ្នាំញៀន ដើម្បីជួញដូរ និងប្រើប្រាស់ផង ។
ក្មេងស្រីរងគ្រោះឈ្មោះល.ស.ហ អាយុ១៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកឈ្មោះ ព្រំ សារិទ្ធ អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ហែម តង អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បើតាមក្មេងស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកដោយការឈឺចាប់ប្រាប់ភ្នាក់ងារទូរទស្សន៍ក្នុងស្រុកមួយថា អំឡុងខែ១១ ឆ្នាំ២០១៧ ដែលរូបនាងទើបតែមានអាយុ១៥ឆ្នាំ ហើយនៅផ្ទះតែម្នាក់ឯង ដោយឪពុកម្តាយបានចេញទៅផ្សារកអណ្តើក ទិញអីវ៉ាន់ រីឯប្អូនៗបីនាក់ទៅរៀនអស់ ស្រាប់តែមានបុរសម្នាក់ឈ្មោះ ឌឹម មករា ភេទប្រុសអាយុ៣២ឆ្នាំ មុខងារជាមន្ត្រីនគរបាលខេត្តព្រៃវែង និងត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរងខេត្តព្រៃវែង ទទួលផ្នែកសេនាធិការខេត្ត ។
ក្មេងស្រីរងគ្រោះ បានរៀបរាប់បន្តថា លោក ឌឹម យ៉ារ៉ុម បានបញ្ជូនកូនប្រុស ឲ្យមកឈរជើងនៅព្រំដែន កម្ពុជា-វៀតណាម ច្រកស្វាយអាង៉ោង ថែមទាំងមានប្រពន្ធកូន២នាក់ទៅហើយ ជននោះបានដើរចូលមកក្នុងផ្ទះរបស់នាងរួចដកកាំភ្លើងខ្លីភ្ជង់គំរាមថា តែហ៊ានស្រែក និងប្រាប់គេឯងឲ្យដឹងគេ និងបាញ់សម្លាប់មួយពូជ ។

បន្ទាប់មកជននេះ ឌឹម មករា បានអូសដៃនាងឡើងទៅលើផ្ទះ ដោយកាន់កាំភ្លើងភ្ជង់ក្បាលជាប់ ហើយធ្វើសកម្មភាពរំលោភនារហូតបានសម្រេច ទើបប្អូនស្រីនាងមកពីរៀនវិញទាន់ក៍ត្រូវជនឈ្មោះ ឌឹម មករា នេះគំរាមបាញ់សម្លាប់ដែរ ។ តែប្អូនស្រីនាងបានរត់ចេញទៅហៅយាយបង្កើតនៅផ្ទះកូនខាងមុខ ចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះរបស់ខ្លួន ។ តែទំរាំយាយទៅដល់ ជននេះបានរត់គេចខ្លួនតាមទ្វារក្រោយ ទៅបាត់ដោយទុកទូរស័ព្ទធំ១គ្រឿង មិនចាំម៉ាកសម្រាប់ឲ្យទាក់ទងទៅគេ បើមិនដូច្នោះទេ គេនឹងមកបាញ់សម្លាប់មួយគ្រួសារទាំងអស់ ។
ក្មេងស្រីរងគ្រោះ បានបន្ថែមថា ដោយខ្លាចការគំរាមពីជននោះថានឹងបាញ់សម្លាប់ម៉ែឪ បងប្អូន ខ្លួនសុខចិត្តទ្រាំឈឺចាប់លាក់បាំងមិនបានប្រាប់យាយឪពុកម្តាយថា ជននេះចាប់រំលោភខ្លួនបានសម្រេចនោះទេ ទោះបីជាពួកគាត់ឈ្លេចសួរ ជជីកសួរដេញដោលយ៉ាងណាក៍ដោយ ។

បន្ទាប់មកឪពុកម្តាយគិតថា ខ្លួននៅផ្ទះខ្លាចមានបញ្ហាបន្តទៀត ក៍រំដោះបញ្ជូនខ្លួនក្មេងស្រីរងគ្រោះ ទៅធ្វើការងារ នៅកាស៊ីណូមួយនៅក្រុងបាវិត ខេត្តស្វាយរៀង បានរយៈពេល១ខែកន្លះ ស្រាប់តែជនឈ្មោះ ឌឹម មករា បានទូរស័ព្ទមកគំរាមនាងឲ្យជិះ រថយន្តឈ្នួលទៅជួបគេនៅភ្នំពេញ បើមិនទៅទេ គេនឹងមកបាញ់សម្លាប់មួយគ្រួសារ ។
ក្មេងស្រីរងគ្រោះបញ្ជាក់ថា ដោយគិតពីសុខសុវត្ថភាពក្រុមគ្រួសារនាង ក៍ឡើងជិះរថយន្តឈ្នួលទៅជួបជនឈ្មោះ ឌឹម មករា នៅរាជធានីភ្នំពេញ ដោយមិនបានប្រាប់ក្រុមគ្រួសារឲ្យដឹងនោះទេ ។

ក្មេងស្រីរងគ្រោះ បញ្ជាក់បន្ថែមថា ជនឈ្មោះ ឌឹម មករា នេះមានប្រពន្ធកូន២នាក់ ហើយប្រពន្ធត្រូវជាបងប្អូនជីដូនមួយជាមួយ ក្រុមគ្រួសារនាងទៀត រស់នៅភូមិឃុំខាងលើជាមួយគ្នា (ផ្ទះក្បែរគ្នា) ។ ហើយខណៈដែលនាងឡើងទៅដល់ភ្នំពេញ គឺឈ្មោះ ឌឹម មករា បាននាំនាងទៅដេកផ្ទះសំណាក់យីហោ ទន្លេមាស នៅជិតប៉ុស្តិ៍ទូរទស្សន៍ស៊ីធីអ៊ិន គីឡូលេខ៦ បានរយៈពេល៤ថ្ងៃ ក៍នាំទៅដេកផ្ទះបងពួកម៉ាកគេ នៅគីឡូលេខ៨ បាន២ថ្ងៃក៍បន្តទៅដេកផ្ទះមិត្តភក្តិរបស់គេម្នាក់ទៀត នៅទឹកថ្លាបានប្រហែល១សប្តាហ៍ ក៍ជួលបន្ទុបនៅក្បែរនោះស្នាក់នៅតែម្តង ។
សរុបទៅរយៈពេល០៣ខែ នៅភ្នំពេញ នាងគ្មានសេរីភាពទេ គឺឈ្មោះនេះបានចាក់សោបង្ខាំងនាង នៅក្នុងផ្ទះពេលទៅណាម្តងៗ ជាមួយគេគឺគេបង្ខំឲ្យខ្លួនញញឹមរីករាយ ។ មិនតែប៉ុណ្ណោះនាងចោទថា ជននេះបានបង្ខំឲ្យនាងទៅដេកជាមួយប្រុសផ្សេង យកលុយមកឲ្យជននេះ លក់យកលុយទៅទិញថ្នាំញៀនយកមកប្រើប្រាស់ និងយកថ្នាំញៀនទៅជួញដូររហូតដល់ស្រុក កំពង់ត្របែកទៀតផង ។ ហើយនៅពេលដែលនាងរកលុយមិនបានឲ្យគេទិញថ្នាំញៀន គេវាយបោចសក់ធ្វើបាបនាងទៀត ។

ក្មេងស្រីរងគ្រោះ បន្តថា សម្បីតែទូរស័ព្ទក៍ជននេះមិនឲ្យប្រើដែរ ហើយទូរស័ព្ទដែលជននេះប្រើ គឺយកឈ្មោះនាងដាក់អាខោនហ្វេសប៊ុករបស់គេ ។ ហើយនៅថ្ងៃមួយ ពេលដែលជននេះចេញមកក្រៅមួយភ្លែត នាងក៍យកទូរស័ព្ទលួចតេមកប្រាប់ឪពុកឲ្យទៅយកខ្លួនមកផ្ទះផង ។ ហើយឪពុកនាងក៍បានទូរស័ព្ទប្រើល្បិចទៅលួងលោមឲ្យវាទន់ចិត្ត ហៅថាកូនឯងនាំប្អូនមកផ្ទះវិញមក ទើបជននេះនាំមកនៅថ្ងៃទី៨ ខែ៤ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៨យប់ ។ ពេលមកដល់ផ្ទះជននេះនៅតែមករករឿងស្រែកឡូឡា គំរាមកំហែងទារយកនាងឲ្យទៅជាមួយវាវិញ ហើយថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនាង ធ្វើឲ្យក្រុមគ្រួសារនាងភ័យរត់ទៅហៅប៉ូលិសប៉ុស្តិ៍ ឲ្យមកជួយអន្តរាគមក៍ ប៉ុន្តែប៉ូលិសប៉ុស្តិ៍ទាំងនោះគេមិនមកទេ ។
ដោយសារខ្លាចការគំរាមកំហែងញឹកញ៉ាប់ពេក គ្រួសាររបស់ក្មេងស្រីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅ សាលាឃុំចាម តែមេឃុំក្រុមប្រឹក្សាឃុំ គេនិយាយថា រឿងកន្លងហួស ទុកជាអក្សាបង់ទៅ ឪគេធ្វើការធំណាស់ ។ឳពុកម្តានាងក៍មកផ្ទះវិញរហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ទើបគ្រួសារគាត់មកដាក់ពាក្យបណ្តឹងនៅអធិការដ្ធាននគរបាលស្រុកកំពង់ត្របែក ឲ្យជួយរកយុត្តិធម៌ ដោយសូមទារជំងឺចិត្តចំនួន៥,០០០ដុល្លារ និងសូមឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់ផង ។

ទោះយ៉ាងណា ក្រុមគ្រួសារក្មេងស្រីរងគ្រោះ សូមសំណូមពរដល់អង្កការ អាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេស ប្រមុខរាជរដ្ធាភិបាល មេត្តាជួយរកយុត្តិធ៌មឲ្យកូនស្រីគាត់ផង ព្រោះជននេះកាច់សាហាវឃោរឃៅណាស់ អ្នកភូមិខ្លាចគ្រប់ៗគ្នា ។ពាក់ពន្ធ័បញ្ហានេះ លោក ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៩ ខែឧសភា នេះថា លោកទើបទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ហើយលោកក៍បានបញ្ជាឲ្យលោកអធិការធ្វើរឿងនេះហើយ ។
ទោះជាយ៉ាងណា លោកស្នងការបញ្ជាក់ថា ឈ្មោះ ឌឹម មករា នេះជានាយរងផ្នែកអគ្គិភ័យខេត្តព្រៃវែង ខូចណាស់ ត្រូវឳពុកបង្កើតគឺលោកឧត្ដមសេនីយ៍ត្រី ឌឹម យ៉ារ៉ុប ស្នងការរងខេត្តព្រៃវែង ទទួលផ្នែកសេនាធិការខេត្តព្រៃវែង ប្រដៅយ៉ាងណា ក៏វានៅតែមិនរៀងចាលដែរអាហ្នឹង(ជនជាប់ចោទ) ។

សូមជម្រាប់ថា វិន័យរបស់កងកម្លាំងនគរបាលជាតិមិនមែនបណ្តែតបណ្តោយឲ្យអ្នកឯងធ្វើអ្វីខុសច្បាប់បែបនេះទេ បើធ្វើខុសវិន័យរបស់អង្គភាព ត្រូវតែទទួលកំហុសចំពោះមុខច្បាប់ ទោះបីកូនអ្នកណាក៍ដោយ ។ ជាក់ស្តែង អគ្គស្នងការនគរបាលជាតិ នឹងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ចំពោះករណីនេះ ហើយក្នុងករណីរកឃើញថា ឈ្មោះ ឌឹម មករា ឋានន្តរស័ក្ដិអនុសេនីយ៍ទោ បានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់មែននោះ អគ្គស្នងការនគរបាលជាតិ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ៕

No comments