Header Ads

Header ADS

អ្នកច្បាប់អះអាងថា ទណ្ឌិត សម រង្ស៊ី អាចប្រឈមនឹងការជាប់គុកអស់មួយជីវិត បើតុលាការរកឃើញអំពើល្មើសកាត់ទឹកដីឲ្យបរទេស!



ភ្នំពេញ៖ សំណុំរឿងថ្មីរបស់លោក សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា បានចូលដល់ដៃតុលាការហើយ ខណៈតំណាងអយ្យការ កំពុងចាប់ផ្តើមនីតិវិធីរបស់ខ្លួនជាបន្តបន្ទាប់។ អ្នកច្បាប់បានអះអាងថា សំណុំរឿងថ្មីនេះអាចធ្វើឱ្យលោក សម រង្ស៊ី ជាប់ទោសធ្ងន់ធ្ងរ លើសសំណុំរឿងណាៗទាំងអស់ រហូតដល់ជាប់ពន្ធនាគារអស់មួយជីវិតទៀតផង។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីអោយបរទេស គឺជាបទឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា លោក សម រង្ស៊ី ពិតជាបានប្រព្រឹត្តទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ លោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិតផងដែរ។
បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាងដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារមួយជីវិត»។
សូមបញ្ជាក់ថា សំណុំរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះឡើងបន្ទាប់ពីសកម្មជនប្រឆាំងម្នាក់ បានទម្លាយវីដេអូចុះកិច្ចព្រមព្រៀងកាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ។
នៅក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបានចុះហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។ សំណុំរឿង លោក សម រង្ស៊ី មួយនេះ ត្រូវបានប្តឹងដោយ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨៕
ប្រភពៈ freshnewsasia

No comments

Powered by Blogger.