មន្រ្ដីយោធាទំនើងមួយក្រុមផឹកស៊ីស្រវឹង បាញ់បោះសេរី

ខេត្តកំពត៖ មន្ត្រីយោធាទំនើងមួយក្រុម បានទៅផឹកស៊ី រហូតស្រវឹងជោកជាំ ក៏ទាញកាំភ្លើងវែង-ខ្លី បាញ់អស់៤៨គ្រាប់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

លោក ហែម ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ឡាយ ពិសិដ្ឋ ហៅទុំ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាថៅកែហាងសាខាកំពត «មីហឹរ៧កម្រឹត» នៅក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ មានលំនៅក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះ ឈ្មោះ សំ អ៊ូញ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ គេឃើញមន្ត្រីយោធាមួយក្រុមមានគ្នាជិត១០នាក់ បានចូលទៅផឹកស៊ី នៅក្នុងចម្ការរបស់ឈ្មោះ មឿន ស្ថិតក្នុងភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ បន្ទាប់ពីផឹកស៊ីស្រវឹងហើយ ស្រាប់តែជនបង្កខាងលើ បានបាញ់បោះសេរីចំនួន៤៨គ្រាប់ បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
ប្រភពព័ត៌មានដដែល បានបន្តថា នៅក្នុងហេតុការណ៍បាញ់បោះ ដោយសេរីនោះ បានបណ្ដាលឲ្យប្រជាពលរដ្ឋម្នាក់ រងរបួសបៀមគ្រាប់ នៅជាប់នឹងកែងជើងខាងឆ្វេង។ ភ្លាមៗនោះ កម្លាំងនគរបាលមូលដ្ឋានបានសហការជាមួយកម្លាំនគរបាលជំនាញចុះទៅដល់កន្លែងកើតហេតុ ក៏រកឃើញសំបកគ្រាប់ដែលបាញ់ជាក់ស្តែងចំនួន៤៨គ្រាប់ (ប្រភេទអាកាចំនួន១១គ្រាប់ និងគ្រាប់ឡក់ចំនួន៣៧គ្រាប់)។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់៕
No comments